តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ (RGPPSEZ) នៅតែបន្តបង្ហាញពីដំណើរប្រតិបត្តិការដ៏រឹងមាំ និងការ អភិវឌ្ឍដ៏មានស្ថិរភាព ដែលពង្រឹងចំណាត់ថ្នាក់របស់ខ្លួនជាតំបន់ឧស្សាហកម្មឈានមុខគេមួយរបស់ប្រទេសកម្ពុជា។នៅឆ្នាំ២០២៥ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក ដែលជាក្រុមហ៊ុនអភិវឌ្ឍ RGPPSEZ បានសម្រេច លទ្ធផលហិរញ្ញវត្ថុដ៏រឹងមាំ ដែលឆ្លុះបញ្ចាំងពីប្រសិទ្ធភាពប្រតិបត្តិការ និងភាពធន់របស់ខ្លួននៅក្នុងបរិយាកាសសេដ្ឋកិច្ច ដែលមាន ការប្រែប្រួលជាប្រចាំ។ ក្រុមហ៊ុនបានកត់ត្រាចំណូលសរុបចំនួនទឹកប្រាក់ ៤១,២ លានដុល្លារអាមេរិក និងប្រាក់ចំណេញសុទ្ធ ចំនួន ៨,១ លានដុល្លារអាមេរិក ដែលស្មើនឹងអត្រា ផលចំណេញសុទ្ធ ១៩,៧% ដ៏ល្អប្រសើរ។
សកម្មភាពពាណិជ្ជកម្មនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសយើងខ្ញុំ ក៏បានបញ្ជាក់ពីកំណើនគួរឱ្យចាប់អារម្មណ៍ផងដែរ ដែល បង្ហាញពីការកើនឡើងនៃទំនុកចិត្តរបស់វិនិយោគិន និងការពង្រីកប្រតិបត្តិការឧស្សាហកម្ម។ ជាក់ស្តែង តម្លៃនាំចេញបានកើន ឡើងគួរឱ្យកត់សម្គាល់ពីចំនួនទឹកប្រាក់ ២៨៥,៨៧ លានដុល្លារអាមេរិក ក្នុងខែមករានិងខែកុម្ភៈ ឆ្នាំ២០២៥ ដល់ទៅ ៣២៥,៣៦ លានដុល្លារអាមេរិក ក្នុងអំឡុងពេលដូចគ្នាក្នុងឆ្នាំ២០២៦ ដែលជាការកើនឡើង១៣,៨%។ និន្នាការកើនឡើងនេះឆ្លុះបញ្ចាំង ពីការពង្រីកសមត្ថភាពផលិតកម្មជាបន្តបន្ទាប់ និងការពង្រឹងសកម្មភាពខ្សែសង្វាក់ផ្គត់ផ្គង់នៅក្នុងតំបន់។
RGPPSEZ នៅតែជាអ្នករួមចំណែកដ៏សំខាន់មួយចំពោះការបង្កើតឱកាសការងារ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម នៅក្នុងប្រទេសកម្ពុជា។ គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៦ តំបន់សេដ្ឋកិច្ចពិសេសយើងខ្ញុំ ផ្តល់ឱកាសការងារដល់កម្មករ កម្មការិនីចំនួន ៥៥,៩៣៥នាក់ ដែលគាំទ្រដល់ជីវភាពរស់នៅ និងរួមចំណែកដល់ការអភិវឌ្ឍកម្លាំងពលកម្មជំនាញ។
អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលនៃ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក បានមាន ប្រសាសន៍ថា “ការរីកចម្រើនជាបន្តបន្ទាប់ និងប្រតិបត្តិការឈានទៅមុខជាលំដាប់របស់ RGPPSEZ គឺបានឆ្លុះបញ្ចាំងពី ទំនុកចិត្តដែលយើងខ្ញុំបានទទួលពីវិនិយោគិន និងការខិតខំប្រឹងប្រែងរបស់ភាគីពាក់ព័ន្ធទាំងអស់នៅក្នុងតំបន់នេះ។ យើងខ្ញុំមាន មោទនភាពជាខ្លាំង ក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដោយការគាំទ្រដល់ការពង្រីកវិស័យ ឧស្សាហកម្ម កំណើនពាណិជ្ជកម្ម និងការបង្កើតឱកាសការងារ។ យើងខ្ញុំក៏សូមសម្តែងនូវការកោតសរសើរយ៉ាងស្មោះស្ម័គ្រ និងការដឹងគុណដ៏ជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លៀសវៃ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចំពោះការគាំទ្រ ឥតឈប់ឈររបស់ សម្តេច ក្នុងការរក្សាបរិយាកាសវិនិយោគដ៏មានស្ថិរភាព និងងាយស្រួលសម្រាប់អាជីវកម្ម។ ភាពជាដៃគូ ដ៏រឹងមាំនេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញការវិនិយោគ និងជំរុញវឌ្ឍនភាពសេដ្ឋកិច្ចប្រកបដោយចីរភាពសម្រាប់ ប្រទេសជាតិ”។
ដោយសម្លឹងទៅមុខជានិច្ច យើងខ្ញុំប្តេជ្ញាចិត្តក្នុងការកែលម្អហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនបន្ថែមទៀត ពង្រឹងគុណភាព សេវាកម្ម និងទាក់ទាញការវិនិយោគដែលមានតម្លៃបន្ថែមខ្ពស់។ តំបន់សេដ្ឋកិច្ចពិសេសនេះ នឹងនៅតែបន្តដើរតួនាទីយ៉ាងសំខាន់ ក្នុងការគាំទ្រដល់កំណើនឧស្សាហកម្មរបស់ប្រទេសកម្ពុជា និងការធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅទៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ ក្នុងតំបន់ និងពិភពលោក។
អំពី រ៉ូយ៉ាល់
គ្រុប រ៉ូយ៉ាល់ គ្រុប គឺជាក្រុមហ៊ុនគ្រប់គ្រងការវិនិយោគជាយុទ្ធសាស្ត្ររបស់កម្ពុជា ដែលត្រូវបានទទួលស្គាល់ថាជាក្រុមហ៊ុន អាជីវកម្មដែលមានថាមពល និងចម្រុះបំផុតរបស់ប្រទេស។ ជាមួយនឹងចំណាប់អារម្មណ៍នៅក្នុងឧស្សាហកម្មជាច្រើនរួមមាន ធនាគារ និងហិរញ្ញវត្ថុ ធានារ៉ាប់រង ការវិនិយោគ ទូរគមនាគមន៍ ថាមពល ការដឹកជញ្ជូន ប្រព័ន្ធផ្សព្វផ្សាយ និងការកម្សាន្ត សណ្ឋាគារ និងរមណីយដ្ឋាន ការអប់រំ ការអភិវឌ្ឍអចលនទ្រព្យ ការជួញដូរនាំចេញនាំចូល និងតំបន់សេដ្ឋកិច្ចពិសេស។




+855 (0)92 729 798
sales@ppsez.com